សារៈប្រយោជន៍ ៦ បានពីការបរិភោគ គ្រាប់ស្វាយចន្ទី
១.ជួយគ្រប់គ្រងទម្ងន់របស់អ្នក
គ្រាប់ស្វាយចន្ទី ជាគ្រាប់ធញ្ញជាតិ មានប្រយោជន៍ដល់ការគ្រប់គ្រងទម្ងន់។ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីអាហារបំប៉នសុខភាពអាមេរិច បានរកឃើញថាស្ត្រី ដែលកម្រទទួលទានគ្រាប់ធញ្ញជាតិមានអត្រានៃការឡើងទម្ងន់ជាងស្ត្រីដែលបរិភោគ គ្រាប់ធញ្ញជាតិ ២ ឬ ច្រើនដងក្នុងមួយសប្តាហ៍។
អ្នកស្រាវជ្រាវសន្និដ្ឋានថាការញ៉ាំគ្រាប់ធញ្ញជាតិ មិននាំឱ្យឡើងទម្ងន់ទេ ហើយវាអាចជួយរក្សាទម្ងន់ឱ្យមានសុខភាពល្អទៀតផង។ វាជួយឱ្យអ្នកឆាប់មានអារម្មណ៍ឆ្អែត និង ជួយរក្សាកំដៅនៅរាងកាយដែលអាចជួយជំរុញដល់ការរំលាយអាហារផង។
២.ជួយដល់សុខភាពឆ្អឹង
គ្រាប់ស្វាយចន្ទី គឺជាប្រភពអាហារសំបូរសារធាតុទង់ដែង ដែលជួយដល់ឆ្អឹង និងកាត់បន្ថយនៃកើនឡើងហានិភ័យនៃជំងឺពុកឆ្អឹង។ មនុស្សពេញវ័យអាយុពី ១៩ ឆ្នាំឡើងទៅតម្រូវឱ្យទទួលទានទង់ដែង ៩០០ មីក្រូក្រាមក្នុងមួយថ្ងៃ ហើយ គ្រាប់ស្វាយចន្ទី២៨ក្រាម មានផ្ទុកទង់ដែង ៦២២ មីក្រូក្រាម។ ព្រោះវាជួយក្នុងការបញ្ចូលជាតិកាល់ស្យូមចូលទៅក្នុងឆ្អឹង។ ម៉ង់ហ្គាណែស ដែលជាសារធាតុរ៉ែមួយទៀតនៅក្នុងគ្រាប់ស្វាយចន្ទី រួមផ្សំជាមួយ កាល់ស្យូម និងទង់ដែងក៏អាចការពារជំងឺពុកឆ្អឹងផងដែរ។
៣.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ក្រៅពីមានផ្ទុកបរិមាណទង់ដែងខ្ពស់ គ្រាប់ស្វាយចន្ទីក៏មានផ្ទុកស័ង្កសី។ រ៉ែនេះមានសារសំខាន់សម្រាប់ការអភិវឌ្ឍកោសិកាប្រព័ន្ធភាពស៊ាំ និង ផលិតអង់ស៊ីមប្រឆាំងអុកស៊ីតកម្ម។ គ្រាប់ចន្ទីប្រមាណ ២៨ ក្រាម ផ្តល់ស័ង្កសីបាន ១.៦ មីលីក្រាម។ ស្ត្រីត្រូវការ សារធាតុ ស័ង្កសីប្រមាណ ៨មីលីក្រាម ហើយ បុរសត្រូវការសារធាតុ ស័ង្កសីប្រមាណ ១១ មីលីក្រាមក្នុងមួយថ្ងៃ។
៤. ល្អចំពោះសុខភាពបេះដូង
គ្រាប់ស្វាយចន្ទីរល្អបំផុតសម្រាប់បេះដូងដោយសារតែវាមិនមានកូឡេស្តេរ៉ុលកាត់បន្ថយសម្ពាធនិងផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយបន្ថយការប្រឈមនឹងបញ្ហាបេះដូង។ វត្តមានម៉ាញ៉េស្យូមជួយបង្កើតអត្រាការរំលាយអាហារ ជួយបញ្ចុះសម្ពាធឈាម និងបង្ការការកើតជំងឺគាំងបេះដូងទៀតផង។ វាក៏សំបូរទៅដោយរ៉ែ វីតាមីន ដែលល្អសម្រាប់សុខភាពបេះដូងផងដែរ។
៥. កាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់
ការទទួលទានគ្រាប់ស្វាយចន្ទីជារៀងរាល់ថ្ងៃ អាចជួយបន្ថយហានិភ័យនៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់នៅក្នុងការសិក្សាលើស្ត្រីជាង ៨០.០០០ នាក់ បង្ហាញថា ការបរិភោគគ្រាប់ធញ្ញជាតិដូចជាគ្រាប់ស្វាយចន្ទីជាដើម កាត់បន្ថយហានិភ័យនៃការវិវត្តទៅរកជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បាន ២៥ ភាគរយ។ អ្នកដែលបរិភោគគ្រាប់ធញ្ញជាតិ ពិសេសចន្ទីឲ្យបាន ១៥០ ក្រាម ក្នុង១សប្តាហ៍ មានសុខភាពល្អ ជៀសផុតពី ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ជាងអ្នកបរិភោគតិចជាងនេះ។
៦. បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម
ហេតុផលមួយផ្សេងទៀតដែលអ្នកគួរតែញ៉ាំគ្រាប់ស្វាយចន្ទី គឺវាជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម។ នេះដោយសារតែវាមិនមានកូឡេស្តេរ៉ុល ហើយក៏មានជាតិស្ករទាបថែមទៀត ដែលអាចក្លាយទៅជាអាហារសម្រន់ដ៏មានសុវត្ថិភាពសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។